Romans 12

1ដូច្នេះបងប្អូនអើយ! ​តាមរយៈ​សេចក្ដី​មេត្ដាករុណា​របស់​ព្រះជាម្ចាស់​ខ្ញុំ​ទទូច​ឲ្យ​អ្នករាល់គ្នាថ្វាយរូបកាយ​របស់​អ្នករាល់គ្នា​ទុកជា​យញ្ញបូជា​ដែល​មានជីវិត​ហើយ​បរិសុទ្ធ​ព្រមទាំង​ជា​ទី​គាប់​ព្រះ​ហឫទ័យព្រះជាម្ចាស់​ដ្បិត​នេះ​ហើយ​ជាការបម្រើ​ដ៏​ត្រឹមត្រូវ​របស់​អ្នករាល់គ្នា 2កុំត្រាប់តាមលោកិយនេះឡើយផ្ទុយទៅវិញ​ត្រូវ​ឲ្យ​ព្រះជាម្ចាស់​កែប្រែ​អ្នករាល់គ្នា​ដោយ​គំនិតផ្លាស់ប្រែជាថ្មីដើម្បី​ឲ្យ​អ្នករាល់គ្នាដឹង​ច្បាស់​ថាអ្វីទៅជាបំណង​របស់​ព្រះជាម្ចាស់​គឺ​អ្វី​ដែល​ល្អ​អ្វី​ដែល​គាប់​ព្រះ​ហឫទ័យ​ព្រះអង្គ​និង​អ្វី​ដែល​គ្រប់លក្ខណ៍ 3ដ្បិតតាមរយៈ​ព្រះ​គុណដែលខ្ញុំ​បាន​ទទួល​ខ្ញុំ​សូម​ប្រាប់​មនុស្ស​គ្រប់គ្នាក្នុងចំណោមអ្នករាល់គ្នាថា​ចូរ​កុំគិតខ្ពស់ហួស​ពី​គំនិត​ដែលត្រូវគិតឡើយផ្ទុយទៅវិញ​ត្រូវ​គិតឲ្យបានសមស្រប​តាម​ខ្នាតជំនឿដែលព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​ម្នាក់ៗ​វិញ 4ដ្បិតយើង​មានអវយវៈជាច្រើននៅក្នុងរូបកាយតែមួយហើយអវយវៈទាំងនោះសុទ្ធតែមានមុខងារផ្សេងៗគ្នា​ជា​យ៉ាងណា 5នោះយើង​ដែល​មាន​គ្នា​ច្រើន​ក៏​ជារូបកាយតែមួយនៅក្នុង​ព្រះ​គ្រិស្ដជា​យ៉ាងនោះ​ដែរហើយម្នាក់ៗ​ជា​អវយវៈ​របស់​គ្នា​ទៅវិញទៅមក 6ដ្បិតយើង​មានអំណោយទានផ្សេងៗគ្នាតាមរយៈ​ព្រះ​គុណដែល​បាន​ប្រទាន​ដល់​យើងបើ​ជា​អំណោយ​ទាន​ខាង​ការ​ថ្លែង​ព្រះបន្ទូល​នោះ​ចូរ​ថ្លែង​តាមខ្នាតជំនឿ​ចុះ 7បើខាង​ការបម្រើចូរបម្រើបើខាងការបង្រៀន​ចូរ​បង្រៀន 8បើខាង​ការ​លើកទឹកចិត្ដ​ចូរ​លើកទឹកចិត្ដ​បើ​ខាង​ការ​ឲ្យ​ចូរ​ឲ្យដោយសប្បុរស​បើ​ខាង​ការ​ដឹកនាំ​ចូរ​ដឹកនាំដោយឧស្សាហ៍​បើ​ខាង​ការ​ផ្ដល់​សេចក្ដី​មេត្ដា​ចូរ​ធ្វើ​ដោយរីករាយ​ចុះ។ 9ចូរមាន​សេចក្ដី​ស្រលាញ់​ឥត​ពុតត្បុតស្អប់​សេចក្ដី​អាក្រក់​ហើយ​ប្រកាន់ខ្ជាប់​សេចក្ដី​ល្អ 10ចូរស្រលាញ់គ្នា​ទៅវិញ​ទៅមក​ដោយ​សេចក្ដី​ស្រលាញ់​ជា​បងប្អូន​ហើយ​ចូរ​គោរពគ្នា​ទៅវិញ​ទៅមក​ដោយ​ការ​ផ្ដល់​កិត្ដិយស 11ចូរឧស្សាហ៍កុំខ្ជិលឡើយ​ចូរ​បម្រើព្រះអម្ចាស់​ដោយ​វិញ្ញាណឆេះឆួល 12ចូរអរ​សប្បាយ​ដោយ​មាន​សង្ឃឹម​ចូរ​ស៊ូទ្រាំ​នៅ​ក្នុង​សេចក្ដីទុក្ខលំបាក​ចូរ​អធិស្ឋាន​ឲ្យ​បាន​ខ្ជាប់ខ្ជួន 13ចូរផ្គត់ផ្គង់​ពួក​បរិសុទ្ធដែលមានសេចក្ដីត្រូវការ​ហើយ​ត្រូវ​ចេះទទួល​ភ្ញៀវ​ដោយ​រាក់ទាក់​ផង។ 14ចូរឲ្យ​ពរ​ដល់​ពួក​អ្នកបៀតបៀនអ្នករាល់គ្នា​ចូរ​ឲ្យ​ពរកុំដាក់បណ្ដាសា​ឲ្យ​សោះ 15ចូរអរ​សប្បាយជាមួយ​ពួក​អ្នក​អរសប្បាយ​ហើយ​យំជាមួយ​ពួក​អ្នក​យំ 16ចូរមាន​គំនិត​ឲ្យ​ចុះសម្រុងគ្នា​ទៅវិញ​ទៅមកកុំ​មាន​គំនិតឆ្មើងឆ្មៃ​ត្រូវ​ចុះសម្រុងជាមួយ​អ្នក​ទន់ទាប​ហើយ​កុំគិតថា​ខ្លួន​ឯងឆ្លាតឡើយ 17ចូរកុំតបស្នង​ការ​អាក្រក់ដោយ​ការ​អាក្រក់ឡើយ​ត្រូវ​តាំង​ចិត្ដ​ធ្វើ​ការ​ល្អនៅចំពោះមនុស្សទាំងអស់ 18ចំពោះអ្នករាល់គ្នាវិញ​ចូរ​រស់​នៅ​ជាមួយមនុស្សទាំងអស់​ដោយ​សុខសាន្ដ​ចុះបើធ្វើកើត 19បងប្អូនជា​ទីស្រលាញ់អើយ! ​ចូរ​កុំសងសឹក​ដោយ​ខ្លួនឯងឡើយប៉ុន្ដែទុក​ឲ្យ​ព្រះជាម្ចាស់​បញ្ចេញ​កំហឹងចុះដ្បិត​មាន​សេចក្ដីចែង​ទុក​ថា៖ ​«ព្រះអម្ចាស់មានបន្ទូលថា​ការ​សងសឹក​ស្រេច​លើ​យើងយើង​នឹង​តបស្នង​ពួកគេ​វិញ 20ប៉ុន្ដែបើសត្រូវ​របស់​អ្នកឃ្លាន​ចូរ​ឲ្យគេបរិភោគ​ហើយ​បើ​គេ​ស្រេក​ចូរ​ឲ្យ​គេផឹក​ដែរ​ចុះដ្បិតធ្វើដូច្នេះ​ប្រៀប​ដូចជា​អ្នក​ប្រមូលរងើកភ្លើងដាក់លើក្បាល​របស់​គេ»។ 21ចូរកុំ​ឲ្យ​សេចក្ដី​អាក្រក់ឈ្នះ​អ្នក​បាន​ឡើយប៉ុន្ដែ​ចូរ​អ្នក​យក​ឈ្នះ​លើ​សេចក្ដីអាក្រក់ដោយ​សេចក្ដី​ល្អចុះ
Copyright information for KhmKCB